សូមស្វាគមន៍ចំពោះអ្នកដែលចង់ចេះចង់ដឹងគ្រប់ៗគ្នា! 

ហិរញ្ញវត្ថុរូបវន្តបុគ្គល មានគោលបំណងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុផ្តោតលើការប្រតិបត្តិក្នុងជីវិតជាក់ស្តែង។
ចាប់តាំងពីការកំណត់គោលដៅជីវិត  ការរៀបចំផែនការហិរញ្ញវត្ថុ ការសន្សំ ការធានារ៉ាប់រងអាយុជីវិត
ការវិនិយោគលើមូលនិធិវិនិយោគរួម និងវិនិយោគលើភាគហ៊ុនដោយខ្លួនឯង។
ជាមួយចំណេះដឹងរួមផ្សំផ្សេងៗទៀត ដែលចាំបាច់សម្រាប់ជីវិតធ្វើអោយមានជីវភាពរីករាយសុខសាន្ត និងអនាគត់ថ្កុំថ្កើនរុងរឿង។ 

នៅទីនេះយើងផ្តោតលើការរៀនយ៉ាងយកចិត្តទុកដាក់ រហូតយល់អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលខុសត្រូវចំពោះជីវិតហិរញ្ញវត្ថុ និងគ្រួសាររបស់អ្នក។
ហិរញ្ញវត្តុរូបវន្តបុគ្គល


ទម្លាប់ជាហេតុ ជីវិភាពជាផល




ទម្លាប់ ជាហេតុ ជីវភាពជាផល


នៅពេលបានប្រាក់ចំណូល តើអ្នកជ្រើសរើសចាត់ចែងរបៀបណា?

នៅពេលថ្មីៗនេះ(ដើមខែ មិថុនា ឆ្នាំ ២០២០) ខ្ញុំបានផ្តល់ប្រឹក្សា ហិរញ្ញវត្ថុដល់មន្រ្តីស៊ីវិលម្នាក់ក្នុងអង្គភាពមួយ ប្អូនប្រិសម្នាក់នេះ មានវ័យនៅក្មេង ចំណេះដឹងគួរសមប៉ុន្តែមានបន្ទុកហិរញ្ញវត្ថុច្រើនដោយសាបំណុល។

               គ្រួសាររបស់គាត់(ពីនាក់ប្តីប្រពន្ធ) មានប្រាក់ចំណូលខ្ទង់ ១,២០០$ ក្នុងមួយខែទាំងប្រាក់ខែ និងការងារក្រៅម៉ោង ប៉ុន្តែគាត់មិនដែលទទួលបានប្រាក់ខែនោះទេ ដោយបានចងការប្រាក់ពីមន្ត្រីធ្វើការជាមួយគ្នាដោយផ្តល់កាតសម្រាប់បើកប្រាក់បៀវត្តឱ្យគេបើកយកតែម្តងចំណែក ប្រាក់ចំណូលពីការលក់ដូររបស់ភរិយា និងការងារក្រៅម៉ោង ត្រូវចំណាយប្រចាំថ្ងៃក្នុងជីវិត និងបន្ទុកបំណុលផ្សេងទៀតៗ ទាំងឥណទានធនាគារ ប្រាក់កម្ចីផ្ទាល់ខ្លួន ថែមទាំងមានបំណុលចងការក្រៅមួយចំនួនទៀត និងតុងទិនងាប់ជាច្រើនក្បាល ទើបធ្វើឱ្យលំហូរសាច់ប្រាក់ក្នុងខែនីមួយៗមានលក្ខណៈអវិជ្ជមានខ្លាំង(ខ្វះលុយច្រើន)។

សរុបទៅប្អូនប្រុសម្នាក់នេះមានបំណុលសរុបចំនួនជាង ៤០,០០០$ ទាំងបំណុល ធនាគារពីរ បីកន្លែង ចងការប្រាក់ខាងក្រៅ និងតុងទីនដែលងាប់(តុងទីនងាប់ ឬដេញគឺតុងទីនដែលយើងបានយកលុយមកប្រើមុន និងត្រូវសងទៅវិញរហូតដល់អស់)។

ប្រសិនបើថ្ងៃនេះខ្វះលុយ(លំហូសាច់ប្រាក់អវិជ្ជមាន) ហើយបន្តខ្ចីប្រាក់ដើម្បីប្រើប្រាស់បន្ថែមបំណុលទាំងនេះវានឹងកើនឡើងកាន់តែច្រើនឡើង។ ខ្ញុំបានផ្តល់យោបល់ និងបង្រៀនពីវិធីដោះស្រាយដល់គាត់មួយចំនួន និងប្រាប់គាត់ឱ្យអានសៀវភៅរបស់ខ្ញុំ ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ ដើម្បីស្វែងយល់បន្ថែមទើបងាយស្រួលពន្យល់ និងបានចំណេះដឹងផងព្រោះគាត់នៅក្មេងបើគាត់តស៊ូរៀនសូត្រពីចំណេះដឹងហិរញ្ញវត្ថុពិតជាអាចដោះស្រាយបញ្ហាបានជាមិនខាន។

មានមូលហេតុសំខាន់បីយ៉ាងដែលមនុស្សមិនព្រមយកចិត្តទុកដាក់រៀនពីវិធីដោះបំណុលដោយប្រើចំណេះដឹងហិរញ្ញវត្ថុរូបវន្តបុគ្គល៖

១.នៅក្មេងមិនទាន់ស្គាល់រស់ជាតិជីវិត មានអ្នកជួយដោះស្រាយឱ្យមិនទាន់ស្គាល់លំបាក បញ្ហាតូចល្មម អាចដោះស្រាយបាន ឬមិនទាន់លេចចេញជារូបរាងនៅឡើយដូចជាជំងឺមួយចំនួនពេលឈឺនៅដំណាក់កាលដំបូងៗនៅអាចទ្រាំបាន។

២.ដោះតាមវិធីរបស់ខ្លួនឯង តាមដែលអាចធ្វើបាន ដែលបញ្ហាអាចបាត់ ឬរីករាលដាលកាន់តែធំជាងមុន។

៣.ត្រូវការលឿន រហ័សទាន់ចិត្ត គិតរកតែងាយៗ ស្រួលៗ មិនព្រមអត់ធ្មត់តស៊ូនោះទេ ហេតុដូច្នេះហើយទើបយើងឃើញបញ្ហាបំណុលរីករាលដាលកាន់តែធំ នៅក្នុងសង្គម។

            ចង់ដឹងពីវិធីដោះបំណុលបងប្អូនអាចអាន ប្តូរបំណុលជាសេរីភាពហិរញ្ញវត្ថុ ដែលបានរៀបរាប់យ៉ាងលម្អិត សាមញ្ញ និងងាយយល់ ហើយអាចអនុវត្តបានពិតប្រាកដ។

             រឿងរាវរបស់ប្អូនប្រុសដែលខ្ញុំបានរៀបរាប់ខាងលើ ពេលជជែក ត្រឡប់ទៅ

រឿងអតីតកាល បានរកឃើញថា ជាលទ្ធផលនៃលំលាប់ ប្រើហិរញ្ញវត្ថុដែលខុស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយផ្តើមពីឥរិយាបទចំណាយលើសលទ្ធភាព ប្រើឥណទានដែលមិនបង្កើតប្រាក់ចំណូល  រំលស់បំណុលសលទ្ធភាព ធ្វេសប្រហែសមិនដោះស្រាយបញ្ហា រហូតដល់បញ្ហាកាន់តែធំ ខូចក្រឌីតរ ហូតដល់ត្រូវចងការ  ហើយបណ្តាលឱ្យបញ្ហារីករាលដាលពិបាកដោះស្រាយ។

ជីវិតរបស់យើងសុទ្ធតែជាលទ្ធផលនៃការ  ជ្រើសរើស របស់ខ្លួនឯងទាំងអស់ ជារៀងរាល់ថ្ងៃយើងមានរឿងដែលត្រូវគិត ត្រូវសម្រេចចិត្តជានិច្ច រឿងខ្លះមិនមែនជារឿងធំដុំនោះទេ។ សម្រេចចិត្តទៅក៏នឹងមិនមានឥទ្ធិពលអ្វីច្រើនដល់ជីវិតនោះដែរ។ ប៉ុន្តែមានរឿងខ្លះ ធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិត ពីបាតដៃ ទៅខ្នងដៃតែម្តង(ផ្លាស់ប្តូរវាសនា) ។

រឿងលុយក៏ដូចគ្នាដែរ! ជារាល់ថ្ងៃយើងមានរឿងត្រូវសម្រេចចិត្តជាមួយលុយដែលរកបានគ្រប់ពេលតាំងពីព្រលឹមទល់ព្រលប់ ទាំងទម្លាប់ និងម្តងម្កាលដែលត្រូវគឹត។

ü  ត្រូវញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងណាដែល?

ü  របស់ដែលអ្នកចង់បានតែថ្លៃបន្តិច ទិញឥឡូវនេះ? ឬរង់ចាំបន្តិចល្អសិន?

ü  បើទិញតែម្តង ទិញដោយប្រាក់សុទ្ធ ឬបង់រំលស់ 

ü  មិនមានលុយគ្រប់គ្រាន់តើត្រូវធ្វើដូចម្តេច ខ្ចីគេល្អទេ?

ü  មិត្តភ័ក្តិខលមកបបួល វិនិយោគ ចូលលុយជាមួយគេល្អដែរ ឬទេ?

ü  ម៉ែខលមកប្រាប់ឱ្យរំលស់ឡានឱ្យប្អូន គួរធ្វើយ៉ាងណា? 

ü  អ្នកធ្វើការជាមួយសុំឱ្យជួយធានាបំណុល តើគួរជួយដែរ ឬទែ?

ü  ធានារ៉ាប់រងអាយុជីវិតគួរឱ្យចាប់អារម្មណ៍ ទិញល្អទេ?

ü  គេដីមានសក្តានុពលគួរទិញដែរ ឬទេ?

ü  ផ្ទះបង់រំលស់អត់ប្រាក់កក់ និងការប្រាក់គួររំលស់ដែរ ឬទេ? ​

រាល់ពេលដែលអ្នកសម្រេចចិត្តលើរឿងទាំងនេះ សុទ្ធតែមានឥទ្ធិពលដល់លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុ របស់អ្នកទាំងអស់។

ដូច្នេះនៅពេលត្រូវសម្រេចចិត្តថាតើត្រូវចាត់ចែងលុយយ៉ាងដូចម្តេច? វាសំខាន់ខ្លាំងណាស់ដែលយើងត្រូវមានគោលការណ៍មួយចំនួនដើម្បីពិចារណា។      

ខ្ញុំសូមណែនាំទម្លាប់ក្នុងការសម្រេចចិត្តជាមួយលុយរបស់អ្នកដូចខាងក្រោម​​​​​​​ ៖

. រាល់ពេលដែលអ្នករកលុយបាន ៖ទម្លាប់ចំណាយឱ្យខ្លួនឯងជាមុនសិន

គោលការណ៍នេះហៅថា PayYourself First ដែលមានន័យថាដកប្រាក់សន្សំ

សម្រាប់ខ្លួនអ្នកមុនពេលយកប្រាក់ដែលនៅសល់ទៅចំណាយ ដែលអត្រាសន្សំសមស្របគឺ ១០% នៃប្រាក់ចំណូលសរុប ដែលអាចរកបាននៅក្នុងខែនីមួយៗ ដែលនឹងរជ្រើសរើសដកសន្សំក្នុងមធ្យោបាយអ្វីមួយ ឬផែនការហិរញ្ញវត្ថុណាមួយ (ប្រអប់ទាំងបី)  ក៏បានសុំត្រឹមសន្សំឱ្យបានមុនពេលចំណាយ។ ត្រឹមប៉ុន្នេះក៏ចាត់ទុកថាជាជម្រើសមួយដើម្បីបន្ថែមភាពស្តុកស្តម្ភដល់ខ្លួនអ្នកហើយ។

           ហេតុដូច្នេះពេលយើងដកប្រាក់សន្សំមុនចំណាយ មិនថានៅក្នុងទម្រង់នៃប្រាក់បញ្ញើ មូលនិធិវិនិយោគរួម ផ្សេងៗជាដើមសុទ្ធតែជាទ្រព្យសម្បត្តិ (Asset)  នៅក្នុងរបាយការណ៍បង្ហាញស្ថានភាពហិរញ្ញវត្ថុ។ ដែលតំណាងឱ្យភាពស្តុមស្តម្ភដែលកើនឡើង សាកស្រមៃមើលថាប្រសិនបើយើងដកប្រាក់ឱ្យខ្លួនឯងមុនជាប្រចាំរៀងរាល់ខែ ក្នុងពេលជាមួយគ្នា បំណុលដែលមានក៏រំលស់តាមកំណត់ កាត់បន្ថយដើមជាបន្តបន្ទាប់រហូតអស់បំណុល។ចុងក្រោយអ្វីដែលកើតឡើងរៀងរាល់ឆ្នាំ នៅពេលសរុបរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុប្រចាំឆ្នាំគឺ ទ្រព្យសម្បត្តិកើន បំណុលថយ។      សាកគិតមើល រៀងរាល់ឆ្នាំដែលយើងធ្វើការ រយៈជាង ៣០ឆ្នាំ ប្រសិនបើទ្រព្យសម្បត្តិកើនឡើងជារៀងរាល់ឆ្នាំ បំណុលមានការថយចុះជារៀងរាល់ឆ្នាំ បែបរហូតដល់ ថ្ងៃចូលនិវត្តន៍ដែលបំណុលក្លាយជាសូន្យ ហើយនៅផ្នែកខាងឆ្វេងនៃរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុនៅសល់តែទ្រព្យសម្បត្តិដែលផ្សែផ្សំបានពេញមួយជីវិតនៅពេលធ្វើការ។ សាកគិកមើលតើជីវិតបន្ទាប់ពីចូលនិវត្តន៍មានក្តីសុខយ៉ាងណា?

នៅឆ្នាំខ្លះមនុស្សយើងអាចមានបំណុលច្រើនជាងមុន ដូចជាប្តូរពីជួលផ្ទះទៅបង់រំលស់ផ្ទះវិញ បែបនេះចាត់ទុកថាមានបំណុលកើនឡើង។ ប៉ុន្តែជារឿងដែលអាចទទួលយកបាន ដោយសារតែមានទ្រព្យសម្បត្តិគឺផ្ទះកើនឡើងនៅក្នុងតារាងទ្រព្យសម្បត្តិផងដែរ។ តែត្រូវប្រដកចិត្តថាបានរៀបចំផែនការបានច្បាស់លាស់ មានលទ្ធភាពរំលស់ប្រចាំខែដោយមិនធ្វើឱ្យប៉ះពាល់ដល់លំហូរសាច់ប្រាក់!

. រាល់ពេលដែលត្រូវចំណាយ៖ "ទម្លាប់" ផ្អែកលើលំហូរសាច់ប្រាក់

គោលការណ៍នេះគឺសាមញ្ញណាស់  រាល់ពេលដែលត្រូវធ្វើការសម្រេចចិត្តចាយលុយ ឬខ្ចីលុយដើម្បីប្រើប្រាស់ សូមពិចារណាផលវិបាកនៃ​ ការសម្រេចចិត្តគ្រប់ពេល ថាប្រសិនបើជ្រើសរើសធ្វើរបៀបនេះ បន្ទាប់មកនឹងមានអ្វីកើតឡើងខ្លះ ល្អ ឬអាក្រក់សម្រាប់ស្ថានភាពហិរញ្ញវត្ថុរបស់យើង ហើយចាំសម្រេចចិត្តធ្វើមិនធ្វើ

ឧទាហរណ៍៖ ស្ត្រីម្នាក់មានអាយុ៣២ ឆ្នាំជាបុគ្គលិកក្រុមហ៊ុន មានប្រាក់ចំណូលប្រចាំខែ៦០០$។ នាងបានជួលផ្ទះមួយល្វែង រយៈពេល៣ឆ្នាំមកហើយ ថ្លៃឈ្នួល ១៥០$ ក្នុងខែ។ ថ្ងៃមួយម្ចាស់ប្រាប់ថានឹងលក់ផ្ទះនេះក្នុងតម្លៃ ៥០,០០០$ ទើបនាងសុំយោបល់ថាតើ គួរទិញដែរ ឬអត់ ព្រោះប្រសិនបើមិនទិញ ក៏ត្រូវផ្លាស់ទីលំ

នៅ ប្រសិនបើមានគេទិញផ្ទះនេះនៅថ្ងៃក្រោយ។

ខ្ញុំបានឆ្លើយតបទៅនាងវិញថាកុំទាន់តក់ក្រហល់ កុំទាន់ទទួលពាក្យរបស់

ម្ចាស់អីថា ទិញ ឬមិនទិញ។ ហើយណែនាំនាងឱ្យនិយាយជាមួយធនាគារមើលថា បើខ្ចីលុយទិញផ្ទះល្វែងខាងលើអាចប្រើឥណនទានបានដែរ ឬទេ? ហើយបើបានប៉ុន្មាន?

បន្ទាប់ពីទៅនិយាយជាមួយធនាគារជាច្រើន សុំណើរដែលល្អបំផុតដែលនាងបានទទួលគឺ គេឱ្យខ្ចី៨០% (ត្រូវបើប្រាក់ដើម ប្រហែល ១ម៉ឺន$)និងត្រូវបង់រំលស់ប្រចាំខែ ៣៧៥$ រយៈពេល ២០ឆ្នាំ(ខ្ចី៤០,០០០$ អត្រាការប្រាក់ ០.៨%ក្នុង១ខែ។

               ការទិញផ្ទះដើម្បីស្នាក់អាស្រ័យមួយ មានកត្តាច្រើនយ៉ាងដែលត្រូវពិចារណា តាំពីរឿងផ្ទះផ្ទាល់ បរិដ្ឋាន និងមនុស្សរស់នៅជុំវិញ ការធ្វើតំណើរទៅធ្វើការ និងផ្សេងៗ ប៉ុន្តែកត្តាមួយដែលមិនអាចខ្វះបានគឺ កត្តាហិរញ្ញវត្ថុ(លុយ) ហើយគោលការណ៍សំខាន់ក្នុងការសម្រេចចិត្តក៏គឺ រឿងលំហូរសាច់ប្រាក់នោះឯង។       ក្រោយមកករណីនេះខ្ញុំសួរម្ចាស់សំណួរទៅវិញ ៣សំណួរដូចតទៅ ដើម្បីឱ្យនាងប្រើជាវិធីសាស្ត្ររួមផ្សំក្នុងការសម្រេចចិត្ត។

១.ហេតុអ្វីត្រូវទិញអាគានេះ?(មានជម្រើសផ្សេងដែរឬទេ)

២.បច្ចុប្បន្នមានលុយ១ម៉ឺន$ ដើម្បីកក់ទិញដែរ ឬទេ?

បើមិនមាន រកប្រាក់មកមកពីណា ប្រសិនបើត្រូវខ្ចីលុយមកកក់ផ្ទះនេះផង តើមានបន្ទុកបន្ថែមប៉ុន្មាន?

ប្រសិនបច្ចុប្បន្នមានលុយ១ម៉ឺន$ សម្រាប់កក់ តើនឹងប៉ះពាល់ដល់លុយសន្សំយ៉ាងដូចម្តេច? បើប្រាក់សន្សំដែលមានគឺប្រាក់សាគួរសម្រាប់គ្រាអាសន្ន ឬប្រាក់ទុកដាក់ដើម្បីចូលនិវត្តន៍ក៏មិនគួរយកមកប្រើ(កក់)នោះទេ។

៣. ប្រសិនបើត្រូវបង់រំលោះផ្ទះមួយខែ ៣៧៥$  លំហូរសាច់ប្រាក់របស់យើង

នឹងទៅជាយ៉ាងណា?

            មិត្តអ្នកអានប្រហែលជាអាចទាយបានហើយថានាងបានធ្វើការសម្រេចចិត្ត

ធ្វើដូចម្តេច! ក្នុងរយៈពេលជាង៣០ឆ្នាំនៃការងា ក្នុងមួយខែៗ មានប្រាក់ចំណូល ហូរចូលក្នុងហោប៉ៅយើងជារៀងរហូត លើសពីនេះទៀតនៅពេលខ្លះមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ដូច្នេះយើងត្រូវគិតមានទម្លាប់ចាត់ចែង និងសម្រេចចិត្តឱ្យបានល្អថា គួរធ្វើយ៉ាងដូចម្តេច ជាមួយនឹងលុយដែលយើងរកបាន?

ü  សន្សំ

ü  ចំណាយ

ü  វិនិយោគ

                  អស់រយៈពេលជាង ៤ឆ្នាំ នៃការងារផ្នែកហិរញ្ញវត្ថុរូបវន្តបុគ្គល ខ្ញុំអាចនិយាយបានថា បញ្ហាហិរញ្ញវត្ថុមិនមានចម្លើយត្រឹមត្រូវបំផុតទេ ហើយមិនមានវិធីណាដែលប្រើបានគ្រប់បែបផែនជីវិត ឬមនុស្សគ្រប់គ្នានោះទេ។ មនុស្សម្នាក់ៗត្រូវរចនាជីវិតផ្ទាល់ខ្លួន (រៀបចំបែបផែនជីវិត)  រៀបចំផែនការហិរញ្ញវត្ថុដោយខ្លួនឯង ហើយសម្រេចចិត្ត "ជ្រើសរើស" វិធីសាស្រ្តគ្រប់គ្រងចាត់ចែងប្រាក់តាមស្ទីលរបស់ខ្លួនឯង។

ចូរចងចាំថា អ្នកជ្រើសរើស និងមានទម្លាប់គ្រប់គ្រងចាត់ចែងលុយអ្នកយ៉ាងដូចម្តេច អ្នកក៏ជាលត្ថផលហិរញ្ញវត្ថុដូចដែលអ្នកបានជ្រើសរើសនោះឯង។

ü  ដូច្នេះចូរ សម្រេចចិត្តជាមួយលុយរបស់អ្នកឱ្យបានល្អ!

ü  បើអ្នកមិនចេះគ្រប់គ្រងលុយ លុយនឹងគ្រប់គ្រងអ្នក!

ü  ជីវភាពរស់នៅរបស់អ្នកនៅថ្ងៃអនាគត វាអាស្រ័យលើទម្លាប់របស់អ្នកនៅពេលនេះ!

ចង់ដឹងអតីតកាល មើលលត្ថផលនៅពេលបច្ចុប្បន្ន

ចង់ដឹងអនាគត មើលទង្វើនៅពេលបច្ចុប្បន្ន

              "ព្រះសាម្មា សម្ពុទ្ធ "

ទម្លាប់ ជាហេតុ ជីវភាពជាផល



Iklan Atas Artikel

Iklan Tengah Artikel 1

Iklan Tengah Artikel 2

Iklan Bawah Artikel